ភ្នំពេញ: លោក ហូរ វ៉ាន់ ជាតំណាងគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹង ចូលទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ ប្តឹងលោក សេង ប៊ុនវ៉េង ហៅ អាចារ្យអេ ប្រធានស្ថានីយ៍វិទ្យុ អេប៊ីស៊ី ABC ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មកលើមេដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣។
ពាក្យបណ្តឹង ដាក់ចូលទៅកាន់លោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ បង្ហាញថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ លោក សេង ប៊ុនវ៉េង ហៅ អាចារ្យអេ ប្រធានស្ថានីយវិទ្យុ អេប៊ីស៊ី បានធ្វើការញុះញង់យោធាឲ្យធ្វើរដ្ឋប្រហារប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោក សេង ប៊ុនវ៉េង បានញុះញង់តាមរយៈវិទ្យុ អេប៊ីស៊ី FM 107.5 MHz ថា “កងយោធពលខេមរភូមិន្ទ នឹងធ្វើរដ្ឋប្រហារទម្លាក់លោកសមរង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោក កឹម សុខា ចេញពីអំណាច ប្រសិនបើលោកសមរង្ស៊ី និងលោកកឹមសុខា ឈ្នះការបោះឆ្នោតជាតិ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ”។
ពាក្យបណ្តឹងដដែលរបស់លោក ហូរ វ៉ាន់ លើកឡើងថា “លោក សេង ប៊ុនវ៉េង ក៏បានអះអាងថា “យោធានឹងធ្វើរដ្ឋប្រហារ ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត ពីព្រោះទាហានភាគច្រើនសុទ្ធតែស្មោះស្ម័គ្របំផុតនឹងរដ្ឋាភិបាលលោក ហ៊ុន សែន” និងថា “លោកសមរង្ស៊ី មិនអាចធ្វើជានាយករដ្ឋមន្ត្រី បានឡើយ នៅពេលនេះ ពីព្រោះទាហានជាច្រើន បានបូជាជីវិតរបស់ខ្លួន ដើម្បីបញ្ចប់របបដឹកនាំរបស់ប៉ុលពត”។
លោក ហូរ វ៉ាន់ បានលើកឡើងថា “ការញុះញង់នេះ គឺបំពានទៅនឹងមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ វិទ្យុ អេប៊ីស៊ី ជាវិទ្យុ ដែលមានប្រជាប្រិយភាពមួយក្នុងស្រុកខ្មែរ មានប្រជាពលរដ្ឋជាច្រើន បានស្តាប់ជារៀងរាល់ថ្ងៃ ហើយក៏ជាវិទ្យុ ដែលមានឥទ្ធិពលខ្លាំង ក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរដែរ។ លោក សេង ប៊ុនវ៉េង បានធ្វើការញុះញង់យោធា ឲ្យធ្វើរដ្ឋប្រហារប្រឆាំងនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្រឆាំងនឹងប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
ពាក្យបណ្តឹងបានបន្តថា ការញុះញង់នេះ ត្រូវបានសារព័ត៌មាន ខេមបូឌា ដេលី ចុះផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញលិខិតព្រមានចំពោះស្ថានីយវិទ្យុ ABC FM 107.5 MHz កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ នេះដែរ។
ក្នុងករណីនេះ លោក ហូរ វ៉ាន់ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា “គណបក្សសង្គ្រោះជាតិ ទាមទារ៖ ទី១-ផ្តន្ទាទោសលោក សេង ប៊ុនវ៉េង តាមច្បាប់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ទី២-ទាមទារជំងឺចិត្តចំនួន ១០០ លានរៀល និងទី៣-ទាមទារឲ្យបិទស្ថានីយវិទ្យុអេប៊ីស៊ី ឈប់ឲ្យផ្សាយតទៅទៀត”។
សូមរម្លឹកថា ចាប់តាំងពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ វិទ្យុអេប៊ីស៊ី បានផ្អាកការផ្សាយនូវព័ត៌មាន ដោយចាក់តែចម្រៀង។ វិទ្យុអេប៊ីស៊ី កន្លងមក បានទទួលអ្នកទូរស័ព្ទចូល ហើយរាយការណ៍ ២៤ លើ ២៤ ម៉ោង អំពីគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍នានា ដែលអ្នកស្តាប់ បានរាយការណ៍។
រហូតដល់ព្រលប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ អាចារ្យអេ ត្រូវបានគេរាយការណ៍ថា បានរត់ទៅកាន់ប្រទេសថៃបាត់ហើយ៕