កណ្ដាល ៖ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីធីត នៅស្រុកខ្សាច់កណ្តាល ត្រូវបានចោរចូលប្លន់ និងបានចាប់ចងដៃ យកស្កុតរុំមុខនិងចាក់សម្លាប់សន្ដិសុខយាមនៅទីនោះម្នាក់ ។ ប៉ុន្ដែការប្លន់នេះមិនបានទ្រព្យសម្បត្ដិនោះឡើយ ក្រោយពីពួកវាបានធ្វើសកម្មភាពយកទូដែកដាក់លុយគេចខ្លួនបាត់
ករណីប្លន់ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹក ព្រលឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៣នេះ នៅទីតាំងគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីធីត ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល បន្ទាប់ពីប្រទះឃើញ ក្រុមសន្ដិសុខយាមនៅពេលយប់ ត្រូវបានក្រុមចោរចាក់សម្លាប់រួចចងដៃ បិទស្កុតនិងរុំស្កុតមុខជិត ។
បើតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា សន្ដិសុខដែល យាមវេនយប់ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ ម៉ោង៦ទាបភ្លឺ នៅធនាគារខាងលើនេះ មានឈ្មោះ ឃឺន ស៊ឺន អាយុ៤២ឆ្នាំ មុខរបរជាសន្ដិសុខរបស់ក្រុមហ៊ុនបេស ។ ក្រោយពីមានករណីនេះកើតឡើង ត្រូវបានម្ចាស់គ្រឹៈស្ថានប្រាប់សមត្ថកិច្ចថា សម្ភារៈ ដែលត្រូវបាត់បង់រួមមានទូដែកមួយកម្ពស់០,៧តឹក ប៉ុន្ដែគ្មានលុយនៅក្នុងនោះទេ ។
សមត្ថកិច្ចជំនាញដែលចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុបានឱ្យដឹង ថា ជនរងគ្រោះអាចត្រូវក្រុមចោរសម្លាប់ នៅវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីពួកវាបានរត់គេចខ្លួនបាត់ ។ ក្រោយពីមានករណីដ៏សាហាវនេះ ស្នងការនគរបាលខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ត្រី អ៊ាវ ចំរើន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានបើកការស្រាវជ្រាវជាបន្ទាន់តាម ជំនាញស្វែងរកតាមចាប់ក្រុមចោរទាំងនេះឲ្យបានយកមកដាក់ទោសតាម ផ្លូវច្បាប់៕ ដោយ៖ ស្រីផល
ក្រុមចោរបានយកស្កុតរំមាត់ និងមុខសន្តិសុខ
ប្រភពពី ABCNONSTOP