អ្នក ប្រហែលជាធ្លាប់តែប្រើទឹកកកដើម្បីក្លាសេសាច់ បន្លែ ឬដាក់ក្នុងភេសជ្ជៈផឹក។ ក៏ប៉ុន្តែតើអ្នកដឹងទេថា វាមានគុណប្រយោជន៍ជួយដល់ស្បែកមុខរបស់អ្នកទេ? វាអាចជួយបំបាត់បញ្ហាដែលកំពុងតែកើតឡើងលើស្បែកមុខរបស់អ្នក។
បំបាត់មុនកន្ទួលក្រហមយកទឹកកកទៅលញ់នៅត្រង់ក្បាលមុនដែលឡើងក្រហមរយៈពេលពី៥ទៅ១០នាទី ព្រោះវាជួយកាត់បន្ថយស្នាមក្រហម ការរីករាលកាន់តែធំឡើងរបស់មុន និងអាចកាត់បន្ថយការឈឺចាប់ពេលកើតមុន។
បំបាត់រង្វង់ភ្នែកខ្មៅ
ពេលព្រឹកព្រលឹមអ្នកគួរតែយកទឹកកកទៅបំបែកជាដុំតូចៗហើយខ្ចប់ នឹងកំណាត់ ហើយស្អំលើភ្នែករបស់អ្នក។ វាអាចជួយកាត់បន្ថយសម្បុរស្បែកខ្មៅនៅជុំវិញភ្នែករបស់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ។
ជួយបង្រួមរន្ធញើស
វាដាស់ឲ្យស្បែកមុខរបស់អ្នកមានសភាពរស់រវើក និងជួយបង្រួមរន្ធញើសដែលធំឲ្យរួមតូច។ ម្យ៉ាងវិញទៀត វាក៏ជួយកាត់បន្ថយស្នាមមុននៅលើមុខ និងធ្វើឲ្យស្បែកមុខរបស់អ្នកទន់រលោង។
ជួយជម្រុះកោសិកាស្បែកចាស់
អ្នកអាចយកផ្លែត្រសក់ ស្ត្រូប៊ីរី ឬផ្លែស្វាយទុំទៅក្រឡុកហើយយកវាទៅក្លាសេឲ្យកក។ បន្ទាប់មកយកវាមកត្រដុសលើមុខរបស់អ្នក។ វាដាស់ឲ្យកោសិកាស្បែកមុខស្រូបយកសារធាតុចិញ្ចឹមពីផ្លែឈើជំនួយ ដល់ស្បែក និងជំរុញឲ្យកោសិកាថ្មីលូតលាស់។ ធ្វើបែបនេះមួយអាទិត្យម្ដងដើម្បីទទួលបានស្បែកមុខស្រស់ថ្លា៕
អត្ថបទ៖ ផល្លា សុម៉ាលីណា
ប្រភពពី - Sabay