ខេត្តកំពង់ចាម ៖ រថយន្តម៉ាកទួរីស ដឹកអ្នកដំណើរមួយគ្រឿង បានរអិលធ្លាក់ចូលទឹកទន្លេមេគង្គ នៅត្រង់ចំណុចកំពង់ដទ្រា-ស្ទឹង ត្រង់ ស្ថិតនៅភូមិទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ។ ហេតុការណ៍ព្រលឹងចុងសក់នេះ បានកើតឡើង កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៥ កក្កដា ។ ចាត់ទុកថាជាសំណាងល្អ ដែលមិនមាននរណាម្នាក់រងគ្រោះថ្នាក់ ។
លោក អ៊ុក ពៅ អធិការរងនគរបាល ព្រហ្មទណ្ឌស្រុកក្រូចឆ្មារឱ្យដឹងថា អ្នកបើកបររថយន្តទួរីសមួយគ្រឿងនោះមិនត្រូវបានគេស្គាល់ឈ្មោះ អ្នកបើកបរឡើយ គ្រាន់តែដឹងថា បើកទៅមកពីស្រុកក្រូចឆ្មារ-រាជធានីភ្នំពេញ មានដឹកអ្នកដំណើរចំនួន៤នាក់ រួមទាំងអ្នកបើកបរបានបើកថយក្រោយដើម្បីចុះចូលកាណូតនៅចំណុច កំពង់ដខាងលើ ប៉ុន្តែចៃដន្យបានរលត់ម៉ាស៊ីន ជាហេតុបណ្តាលឱ្យរថយន្តរអិលធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គលិច ដល់ដំបូលតែម្តង ។ ប្រភពបន្តទៀតថា ក្នុងពេលនោះអ្នកដំណើរបានលោតចុះទាន់មិនមានរងរបួសទេ ។ ចំណែកអ្នកដំណើរផ្សេងទៀតមានការរន្ធត់ស្លុតចិត្តគ្រប់ៗគ្នា ។
ពេលនោះមានមនុស្សជាច្រើននាក់នៅលើច្រាំងទន្លេ បានសស្រាក់សស្រាំជួយយកខ្សែទៅចងរថយន្ត ដើម្បីការពារកុំឱ្យធ្លាក់ចូលទៅទឹកជ្រៅ។ បន្ទាប់មកបានហៅរថយន្តផ្សេងទៀត ទៅអូសឡើងគោកយកទៅជួសជុលនៅក្បែរកន្លែងកើតហេតុ ព្រោះទឹកចូលក្នុងម៉ាស៊ីនរថយន្ត ។
សាក្សីនៅកន្លែងកើតហេតុ និយាយថា រថយន្តទួរីសដឹកអ្នកដំណើរខាងលើ មានដឹកគ្រែឈើប្រណីតចងនៅផ្នែកខាងក្រោយ ។ ហេតុការណ៍រថយន្តរអិលធ្លាក់ចូលទឹកទន្លេប្រហែលជាកន្លះម៉ោង ទើបអូសឡើងគោកវិញបាន ៕
សាក្សីនៅកន្លែងកើតហេតុ និយាយថា រថយន្តទួរីសដឹកអ្នកដំណើរខាងលើ មានដឹកគ្រែឈើប្រណីតចងនៅផ្នែកខាងក្រោយ ។ ហេតុការណ៍រថយន្តរអិលធ្លាក់ចូលទឹកទន្លេប្រហែលជាកន្លះម៉ោង ទើបអូសឡើងគោកវិញបាន ៕
ប្រភពដើម កោះសន្តិភាព