Wednesday, July 24, 2013

ស្រ្តី ២ នាក់ ត្រូវឃាតក សម្លាប់ចងផ្អោបគ្នានោះ ជាករណីប្លន់យកម៉ូតូ Scoopy


ភ្នំពេញ: ករណី​ស្ត្រី​២​នាក់ ដែល​បាន​ត្រូវ​ឃាតក មិន​ស្គាល់មុខ សម្លាប់​ចង​ផ្អោប​គ្នា​នោះ សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ជា​ករណី​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ គឺ​ប្លន់​យក​ម៉ូតូ Scoopy មួយគ្រឿង ដែល​ជនរងគ្រោះ​ជិះ​។
​តាម​ការពិនិត្យ​ជាក់ស្តែង ស្ត្រី​រងគ្រោះ ប្រហែលជា​ត្រូវបាន​ឃាតក សម្លាប់​រយៈពេល ២ ថ្ងៃ​មកហើយ​។ ស្ត្រី​ម្នាក់​មានឈ្មោះ​វ៉ន លក្ខិណា អាយុ​២៥​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ​ស្រី លក្ខណ៍ អាយុ​២៥​ឆ្នាំ​។ ពួកគេ​ទាំង​២​នាក់ សិក្សា​នៅ​សាលា មេ​តូ​នី កម្ពុជា និង​ស្នាក់នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជាមួយគ្នា​។​
ផ្អែក​តាម​ការបំភ្លឺ​រប​ស់​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​នោះ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ចេញពីផ្ទះ តាំងពី​ថ្ងៃ​ចន្ទ ទី​២២ ខែកក្កដា ឆ្នាំ​២០១៣ ហើយ​បាន​បាត់​ខ្លួន​រហូតមក មិនដឹង​ជា​ទៅ​ទីណា​ទេ​។ ក្រុមគ្រួសារ​បាន​ដើរ​ស្វែងរក​សព្វគ្រប់​ទីកន្លែង នៅតែ​មិនឃើញ​។ ទើបតែ​ព្រឹក​មិញ​នេះ បានដឹង​ពី​ករណី​ឃាតកម្ម សម្លាប់​ស្ត្រី​២​នាក់​។
​សមត្ថកិច្ច បាន​និយាយថា នៅ​កន្លែងកើតហេតុ សមត្ថកិច្ច បាន​រកឃើញ​សៀវភៅ​កុំព្យូទ័រ​មួយ​ក្បាល ដែល​ដាក់​កល់​នៅ​ពីក្រោម​សព​។ ចំណែក​ម៉ូតូ Scoopy ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 1EQ 4043 របស់​ជនរងគ្រោះ​នោះ មិនឃើញ​ទេ គឺ​បាត់​ហើយ​។
សូមបញ្ជាក់ថា មេជាង​សំណង់​ម្នាក់ ឈ្មោះថា​រី សុភា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ចម្ការឪឡឹក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយថា ស្ត្រី ២ នាក់ ត្រូវបាន​គេ​សម្លាប់​ដោយ​ចង​ផ្អោប​គ្នា នៅក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ចម្ការឪឡឹក  សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សព​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង ៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០១៣​។​
​សព​ស្ត្រី​ទាំង​២​នាក់​នោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ហើយ​។​
​ឥឡូវនេះ សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់​ឃាតក​៕


ប្រភពដើមពីៈ CEN

Join Us On Facebook

Please Wait 30 Seconds...!!!Skip