Tuesday, September 10, 2013

ស្ថានីយ​ប្រេងនិង​ឧស្ម័ន​ឥន្ធនៈ នៅរាជ​ធានី​មាន​371ទីតាំង ក្នុងនោះ​251ទីតាំង​អត់​ច្បាប់

រាជ​ធានី​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ​អាជ្ញា​ធរ​រាជ​ធានីភ្នំពេញ ​បាន​កោះ​ប្រជុំ​មួយ​ជា​មួយ​អាជីវ​ករ​ដែល​ជា​ម្ចាស់​អាជីវ​​កម្ម​លក់​ប្រេង​ហ្គាស និង​ឧស្ម័ន​នៅ​​រាជ​ធានីភ្នំពេញ ក្នុង​បំណង​ដើម្បី​គ្រប់​គ្រង​ច្បាប់​ផង​​ និង​តម្រូវ​ឱ្យ​មា​ន​ការ​រៀប​ចំ​បង្ការ និង​បញ្ជៀស​ហា​នី​ភ័យ​នានា​ផងដែរ ។ ​កិច្ច​ប្រជុំ​នោះ​ នៅសាលា​រាជ​ធានីភ្នំពេញ​ស្ថិត​​ក្រោម​​​​អធិប​តី​​​លោក​ប៉ា សុជាតិ​វង្ស អភិ​បាល​រាជ​ធានី​ភ្នំពេញ ​និង​លោក​ហូ វិចិត្រ ​អនុ​ប្រធាន​​អាជ្ញាធរ​​​ប្រេង​កាត​ជាតិ​កម្ពុជា ​ដោយ​មាន​​ការចូល​រួម​ពី​មន្ត្រី​ជំនាញ​មក​ពី​អាជ្ញា​ធរ​ប្រេង​កាត​ជាតិ​កម្ពុជា ​មន្ត្រី​មក​ពី​មន្ទីរ​ពាក់​ព័ន្ធ ​និង​អភិ​​បាល​ខណ្ឌ​ទាំង​៩​និង​ម្ចាស់​​អាជីវ​កម្ម​លក់​ប្រេង​​ ហ្គាស និង​ឧស្ម័ន​ជាច្រើន​រូប​ទៀត ។ លោក​បា៉ សុជាតិ​វង្ស ​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ទទួល​ស្គាល់​​ថា នៅ​រាជ​ធានី​ភ្នំពេញ​​ពិតជា​មាន​ភាព​ស្មុគ​ស្មាញ​ទាក​​់​ទង​ទៅ​នឹង​ការគ្រប់​គ្រង​ការ​ធ្វើ​អាជីវ​កម្ម​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ ​ក្នុងនោះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​ស្ថានីយ​ខ្លះ​មានច្បាប់ ស្ថានីយ​ខ្លះ​​ឥត​ច្បាប់ និងខ្វះ​ការគ្រប់​គ្រង​​តាម​លក្ខណៈ​បច្ចេក​ទេស​ ដោយ​មិន​​ទាន់​រាប់​បញ្ចូល​កន្លែង​លក់​ប្រេង​សាំង​បែប​អនា​ធិប​តេយ្យ​​ជា​ច្រើន​កន្លែង​ទៀតនោះ​ទេ ​។ ​​លោក​អភិបាល​​ថ្លែង​​ថា ​ហេតុ​នេះ​យើង​ត្រូវ​មាន​ផែន​ការ​​ជា​កញ្ចប់​​មួយ​​ដើម្បី​គ្រប​់​គ្រង​អាជីវ​កម្ម​ប្រេង​ឥន្ធនៈ​ ហ្គាស ​និង​ឧស្ម័ន​ ទាំងការ​នាំ​ចូល គ្រប់​គ្រង ទុក​ដាក់ និងចែក​ចាយ​​ឱ្យ​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​ ។ បើ​មិន​ដូច្នេះ​ទេ រាជ​ធានី​​ភ្នំពេញ​នឹង​ប្រឈម​​​​គ្រោះ​អគ្គិ​ភ័យ​ធ្ងន់​ធ្ងរ ដូច​ដែល​ធ្លាប់​បាន​កើត​ឡើង​រួច​មក​​ហើយ​​ដោយ​សារ​​ផ្ទុះ​ហ​្គាស​​នេះ​តែ​ម្តង ។ តាម​ការ​អះ​អាង​ពី​មន្ត្រី​នគរ​បាល​ផ្នែក​អគ្គ​ិ​ភ័យ​​បាន​ឱ្យ​ដឹង​ថា ​ជា​មធ្យម​​អគ្គ​ិ​ភ័យ​បាន​កើត​ឡើង​នៅ​ភ្នំពេញ​ទាំង​ទ្រង់​ទ្រាយ​តូច និង​ធំ​មាន​​​ម្តង​​ក្នុង​រយៈ​ពេល​៣​ថ្ងៃ ។ ជាក់​​ស្តែង​គិត​ពី​ដើម​ឆ្នាំ​២០១៣ មក​ដល​់​ពេល​នេះ​គ្រោះ​​អគ្គិ​ភ័យ​បាន​កើត​ឡើង​ក្នុង​រាជ​ធានី​​ភ្នំពេញ​ចំនួន​៧៦​លើក សម្លាប់​មនុស្ស​៣​នាក់ របួស​១០​នាក់ ខូច​ខាត​រថយន្ត​​​៤​គ្រឿង​ ក្នុងនោះ​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គាស​ចំនួន​៣៦​លើក ។ ​លោក​បា៉ សុជាតិ​វង្ស ​មាន​ប្រសាសន៍​​ទៀត​ថា ​ម្ចាស់​អាជីវ​កម្ម​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​៣៧១ កន្លែង​នៅរាជ​ធានី​ភ្នំពេញ​​​ត្រូវទៅ​​សុំ​ច្បាប់​​ឱ្យ​​ត្រឹម​ត្រូវ​ពីអាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​​ ដើម្បី​បញ្ជៀស​ហា​នីភ័យ ដែល​បាន​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ​​ពុំ​មាន​ការ​ទទួល​​ខុសត្រូវ​ និង​ទទួល​ដឹង​ឮ​ពី​មន្ត្រី​ជំនាញ​នៅ​មូល​ដ្ឋាន​នោះ ។ ​ហើយ​អាជ្ញា​ធរ​​រាជ​ធានី​ភ្នំពេញ​ចាំ​បាច់​ត្រូវ​​តែ​​គ្រប់​គ្រង​រាល់​អាជីវ​កម្ម​ដែល​ងាយ​រង​គ្រោះ​ជាងគេ​នោះ គឺ​អាជី​វ​កម្ម ប្រេង ហ្គាស និង​ឧស្ម័ន​គ្រប់​ប្រភេទ ។ ​លោក​ប៉ា សុជាតិ​វង្ស បាន​ចាត​់​ទុក​ការងារ​
គ្រប់​គ្រង​នេះជា​អាវុធ​​ម​ុខ​ពីរ​ប្រសិន​បើ​យើង​គ្រប់​គ្រង​បាន​ល្អ​វាមាន​ប្រយោជន៍​ដល់​សង្គម តែ​ប្រសិន​​បើ​ការ​គ្រប់​គ្រង​នេះ​មិន​បាន​​​ល្អ វា​ទៅជា​បង្ក​គ្រោះ​មហន្ត​រាយ​និង​បង្ក​ហានីភ័យដល់សង្គម​ជាតិ ។ ​ដោយ​ហេតុ​ផល​នេះ​ហើយ​​ដែល​ចាំ​បាច់​ត្រូវ​តែ​មាន​ការរៀប​រយ​ឱ្យ​បាន​ល្ង ​។ ចំណែក​​ឯ​ការ​ប្រកប​អាជី​វ​កម្ម​លក់​សាំង​ដប​​តាម​ផ្ទះ​​​ក៏​ត្រូវ​​មាន​ការ​រៀប​រយ​​ផងដែរ ​នៅ​ពេល​ក្រោយ។ ​លោក​បញ្ជាក់​ថា ​អាជ្ញា​ធរ​ភ្នំពេញ​​មិន​បណ្តោយ​​ឱ្យ​​មាន​ការ​លក់​​ប្រេង​សាំង​​យ៉ាង​អនា​ធិប​តេយ្យ​នោះ​ទេ ព្រោះ​​ដើម្បី​រក្សា​បាន​នូវ​សន្តិ​សុខ និង​សុវត្ថិ​ភាព​របស់​ប្រជា​ពលរដ្ឋ ។ ​លោក​ប៉ា​ សុជាតិ​វង្ស​ បាន​ស្នើ​​ឱ្យ​អាជ្ញា​ធរ​ជំនាញ​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវ​បំផុស និង​ជំរុញ​ឱ្យ​ដល់​​ម្ចាស់​អាជីវ​កម្ម ប្រេង ហ្គាស ឧស្ម័ន គ្រប់​ប្រភេទ​នៅរាជ​​ធានី​ភ្នំពេញ​ ពិសេស​ស្ថានីយ​ប្រេង ឥន្ធនៈ ត្រូវ​តែ​មានច្បាប់​ប្រកប​​អាជីវ​កម្ម គ្រប់​គ្រាន់​​ព​​ី​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ហើយរាល់​​ស្ថានីយ​ដែល​បាន​សាងសង់​ថ្មី​និងចាស់​នោះ​ត្រូវ​ឱ្យស្រប​តាម​ស្តង់​ដារបច្ចេក​ទេស​​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយ​ស្រួល​ក្នុងការ​គ្រប់​គ្រង​បង្ការ​ហានីភ័យ​ដែល​បាន​កើត​ឡើង​ដោយ​គ្រោះ​​អគ្គិ​ភ័យ​ជា​យ​ថា​ហេតុ ។ ​​យោងតាម​របាយ​ការណ៍​របស់​​មន្ទីរ​​ឧស្សា​ហ​កម្ម​រ៉ែ និងថាម​ពល​រាជ​ធានីភ្នំពេញ​បាន​ឱ្យ​ដឹងថា ​​នៅ​ភ្នំពេញ​មាន​មូលដ្ឋាន​​លក់​ហ្គាស និងឧស្ម័ន​ផ្សេងៗ​មាន​ចំនួន​៣៧១​កន្លែង​ ​ក្នុងនោះ​មាន​ច្បាប់​​​ចំនួន​១២០​ប៉ុណ្ណោះ ដែល​មន្ទីរ​បានចេញ​ច្បាប់​អនុ​ញ្ញាត​​ឱ្យ​​ធ្វើ​អាជីវ​កម្ម​ ។ ក្នុង​នោះ​​មាន​ចំនួន​៣៦​មូល​ដ្ឋាន ​បានសុំ​ច្បាប់​​អនុញ្ញាត​ទីតាំង​ពីសាលា​រាជ​ធានី​ភ្នំពេញ​ត្រឹម​​ត្រូវ ហើយ​នៅ​មាន​មូលដ្ឋាន​​អាជីវ​កម្ម​ចំនួន​២៥១​ទៀតមិន​ទាន់​បានសុំ​ច្បាប់​នៅ​ឡើយ​ទេ ។ ​លោ​ក​ហូ វិចិត្រ ​អនុ​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ​ដើម្បី​ឱ្យ​ដំណើរ​ការនៃ​ការគ្រប់គ្រង​រាល់ម្ចាស់​​អាជីវ​កម្ម​ទាំង​អស់​នៅ​រាជ​ធានីភ្នំពេញ​ទទួល​​បាន​ជោគ​ជ័យ វា​ទាល់​តែ​មាន​ស្ថា​​ប័ន​ពាក់​ព័ន្ធ​​គ្រប់​ជំនាញ​​ទាំង​អស់​ចូល​រួម ត្រួត​ពិនិត្យ​អនុវត្ត​​ឱ្យ​បាន​​ព្រមគ្នា​ ពិសេស​បំផុស​ជំរុញ​ឱ្យ​ម្ចាស់​អាជីវ​កម្ម​នោះ​សុំ​ច្បាប់​ឱ្យ​បាន​គ្រប់គ្នា និង​ចូល​រួម​អនុ​វត្ត​ឱ្យ​បាន​​ព្រម​គ្នា​ផង​ដែរ ទើបការ​ងារ​នេះ​ទទួលបាន​ជោគ​ជ័យ​ទាំង​អស់​គ្នា​ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផង​ដែរ ៕

ប្រភពពី kohsantepheap


Join Us On Facebook

Please Wait 30 Seconds...!!!Skip