សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅជា ប្រភេទ ម៉ូតូផលិតនៅប្រទេសចិនពាក់ស្លាកលេខកំពង់ចាម 1B-1330 ជិះម្នាក់ឯងពីកើតទៅលិច បើកបរដោយឈ្មោះ ហៀង សុខហ៊ន ភេទប្រុសអាយុ៤៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូ រស់នៅស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ លុះមកដល់ចំណុចកើតហេតុ ត្រូវបានម៉ូតូមួយគ្រឿងម៉ាកយ៉ាវម៉ាហា ម៉ូតូធំ គ្មានស្លាកលេខ បើក ដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿនក្នុងទិសដៅ ស្របទិសគ្នាបាន ជ្រុលមកបុក យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះ ដួលបោកទៅនឹងថ្នល់ ប៉ុន្តែសំណាងល្អដោយ សារជនរងគ្រោះ មានពាក់មួកសុវត្ថិភាពត្រឹមត្រូវទើបគ្រាន់តែរងរបួសធ្ងន់ ក្រោយពេល កើតហេតុត្រូវក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី យកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។
សាក្សីបានបន្តទៀតថា យុវជនបើកម៉ូតូបង្កបន្ទាប់ពីកើតហេតុបានស្កាដៃស្កាជើងរារាំងមិនឲ្យនគរបាល លើកម៉ូតូ យកទៅរក្សាទុក ដោយអះអាងថា ខ្លួនជាសារព័ត៌មាន ប៉ុន្តែពេលដែលនគរបាល ឬអ្នកសារព័ត៌មាន សួរចង់ដឹងពីស្ថាប័នមួយណា គេមិនប្រាប់ព្យាយាមលាក់ មិនតែប៉ុណ្ណោះទូរស័ព្ទហៅម្តាយមក ជួយអន្តរាគមន៍ ផងដែរ ពេលដែលម្តាយមកដល់បញ្ចេញចរិកអះអាងថា អីចេះថាអីចុះ ប៉ុន្តែទោះបីជាយ៉ាងណា នៅតែព្យាយាម លាក់បាំងស្ថាប័នរបស់កូនដដែល ដោយសារតែប្រជាពលរដ្ឋចោមរោមមើល ច្រើនពេកបង្កឲ្យកកស្ទះផ្លូវ ទើប នគរបាលសម្រេចចិត្តលើកយកម៉ូតូ បង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ ។
សាក្សីបានបន្តថា ការអះអាងរបស់ជនបង្កមិនដឹងថា ពិតឬក៏មិនពិតនោះទេ ប្រសិនបើគេធ្វើការនៅខាង ហ្នឹងមែននោះ គេប្រាកដជាប្រាប់មិនខាងឡើយ មិនអាចព្យាយាមលាក់បែបនេះទេ ហើយមិនតែ ប៉ុណ្ណោះទេ ថែមទាំងបញ្ចេញចរិកច្រង៉េងច្រង៉ាងហាក់បីដូចជាមនុស្សមិនដែលចូលសាលាអីចឹង ៕
ប្រភពពី ដើមអម្ពិល