ភ្នំពេញ ៖ ចោរគាស់ផ្ទះរបស់ប្រជាពល រដ្ឋ ម្នាក់ ត្រូវបានម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ចាប់ប្រគល់ជូន នគរបាលប៉ុស្ដិ៍ទឹកថ្លា ខណ្ឌសែនសុខ នៅ ពេលដែលជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាព គាស់បន្ទប់ជួលរបស់កម្មការិនីកាត់ដេរ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ ស្ថិតនៅបន្ទប់លេខ៤ តាមបណ្ដោយផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលជនសង្ស័យឈ្មោះ ម៉ៅ មាស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងធ្វើសកម្ម ភាពគាស់បន្ទប់ជួល ដែលកម្មការិនីកាត់ដេរ ជួលស្នាក់នៅនោះ ក៏ត្រូវម្ចាស់បន្ទប់ឃើញ ទាន់ហើយស្រែកឆោឡោ ក៏ត្រូវប្រជាពលរដ្ឋ នៅក្បែរទីនោះ នាំគ្នាមកឡោមព័ទ្ធនឹងចាប់បានប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន។
បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការសាកសួរ ពីសំណាក់សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លានៅឡើយ រង់ចាំការចាត់ការបន្តទៀត៕
ប្រភពពី ដើមអម្ពិល