ប្រភពពី CEN
Thursday, September 12, 2013
ចាប់ឈើគ្រញូង នៅស្រុកបន្ទាយស្រី រាប់ឃើញជាង៥ម៉ែត្រគូប
by Unknown
ខេត្តសៀមរាប: ឈើគ្រញូងដែលសមត្ថកិច្ច ចំរុះបង្ក្រាបនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦៧ត្រង់មុខចំការ ដើមប្រេងខ្យងរបស់លោក ស្រីលី អ៊ុំអេង កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ សមត្ថកិច្ចបានរាប់ ឃើញចំនួន៣៦៧០ដុំ និង៦ ៥៣០គីឡូក្រាម ស្មើនឹង៥ម៉ែត្រគូប និង៤៤១ផ្លានឯណោះ។ កាលពីចាប់បានភ្លាមៗនោះ ការរាប់ចំនួនពិតប្រាកដមិនទាន់ជាផ្លូវ ការសមត្ថកិច្ចសន្និដ្ឋានចំនួនដំបូងថា មានចំនួនប្រមាណជា៤តោនប៉ុណ្ណោះ។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣នេះ លោក ឡុង សំអឿន ប្រធានក្រុមបង្ក្រាបបទល្មើសសេដ្ឋកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បាននិយាយឱ្យដឹងថា យោងតាមការចូលរួមរបស់កំលាំងចំរុះនិងមានការ រាប់ចំនួនទាំងយប់ ចុងក្រោយតួលេខបានបង្ហាញថាឈើគ្រញូងខាងលើមិនមែន៤តោនទេ គឺមានចំនួនរហូតដល់ ៣៦៧០ដុំ និង៦៥៣០គីឡូក្រាម ស្មើនឹង៥ម៉ែត្រគូប និង៤៤១ផ្លានឯណោះ។ ឈើគ្រញូងខាងលើកំពុងរក្សាទុកនៅថ្នាលបណ្ដុះកូនឈើរបស់ រដ្ឋបាលព្រៃឈើឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីកសាងសំនុំរឿងទៅកាន់តុលាការ។ ឈើគ្រញូងខាងលើត្រូវបានកំលាំងចំរុះមានមន្ដ្រីក្រុមប្រតិបត្ដិការពង្រឹងការអនុវត្ដច្បាប់របស់រដ្ឋបាលព្រៃឈើ,ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដសៀម រាប,និងសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី។ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ ប្រធានសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី បាននិយាយឱ្យដឹងថាយោងតាមពត៌មានសំងាត់កំលាំ ងចំរុះខាងលើបានសង្ស័យរថយន្ដកូរ៉េចំណុះ៥តោនមួយគ្រឿងគ្មានស្លាកលេខ ហើយកំលាំងចំរុះក៏បានតាមរហូតដល់ចំនុចចំការ ដើមប្រេងខ្យល់របស់លោកស្រីលី អ៊ុំអេង តាមបណ្ដោយផ្លូវជាតិលេខ៦៧ ក្នុងភូមិរវាងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី អ្នកបើក បររថយន្ដក៏បានឈប់រថយន្ដ ហើយក៏បើកទ្វារចុះរត់គេចខ្លួនបាត់។ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ បានឱ្យដឹងទៀតថា នៅពេលអ្នកបើកបររថយន្ដរត់គេចខ្លួនបាត់សមត្ថកិច្ចក៏មិនបានដឹងថា រថយ ន្ដនោះមានឈើគ្រញូង រឺយ៉ាងណានោះទេ ព្រោះថារថយន្ដខាងលើបានដឹកដើមប្រេងខ្យល់ពេញទ្រុង ហើយកំលាំងក៏បានបើករ ថយន្ដសង្ស័យនោះមកកាន់ថ្នាលបណ្ដុះកូនឈើរបស់រដ្ឋបាលព្រៃឈើនៅចំនុចឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីធ្វើការរាប់ និង ថ្លឹងជាក់ស្ដែង។ នៅពេលធ្វើការរើដើមប្រេងខ្យល់ពីលើទើបឃើញឈើគ្រញូងប្រភេទក្រាក់តូចៗនៅពីក្រោម។ លោក ឡុង សំអឿន ប្រធានក្រុមបង្ក្រាបបទល្មើសសេដ្ឋកិច្ចរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បាននិយាយឱ្យដឹងដែរថា រហូតមកដល់ព្រលប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣នេះ សមត្ថកិច្ចកំពុងធ្វើការរើទំលាក់ពីរថយន្ដ,ថ្លឹង,រាប់ចំនួនដុំ និងគុណទៅជាម៉ែត្រគូប ថាឈើគ្រញូងនោះមានចំនួនប៉ុន្មានពិតប្រាកដ ដោយលោក សន្និដ្ឋានថា នៅថ្ងៃនោះដែលមិនទាន់រាប់ចំនួនឈើគ្រញូងពិតប្រាកដនោះថាមានចំនួនប្រមាណជា៤តោន។ លោក ឡុង សំអឿន បានបន្ដទៀតថា យោងតាមបទបញ្ជា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាន នាយកដ្ឋានកណ្ដាលយុត្ដិធម៌, ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកប្រធានការិយាល័យទទួលបន្ទុក បង្ក្រាបបទល្មើស កំលាំងរបស់លោកនឹងស្រាវជ្រាវ ហើយប្រតិបត្ដិការបង្ក្រាបឱ្យដូចភ្លៀងរលឹម ដើម្បីឈានទៅលុបបំបាត់ការ ដឹកជញ្ជូនឈើដោយខុសច្បាប់ ជាពិសេសឈើគ្រញូងដែលឆ្លងកាត់ខេត្ដសៀមរាប។ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅកំលាំងចំរុះខាងលើក៏បានស្រាវជ្រាវហើយ ឈានទៅបង្ក្រាបឈើគ្រញូងមួយកន្លែងស្ថិតនៅក្នុងព្រៃ ភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ហើយរកឃើញ ឈើគ្រញូងសរុបចំនួន១២៧០៤ដុំ ស្មើនឹង២១៨៧៩គីឡូក្រាម និងមានចំនួន១៨ម៉ែត្រគូប និង២៣២ផ្លាន។ ឈើគ្រញូងខាងលើ គេដឹងថា ជារបស់ឈ្មោះហុងដែលជាមន្ដ្រីកងរាជអាវុធហត្ថក្រុងសៀមរាប ដែលរកស៊ីគ្រញូងដុះស្លែ ជិត១០ឆ្នាំមកហើយគ្មានសមត្ថកិច្ចណាបង្ក្រាបម្ដងណាឡើយ។ ឥលូវសំនុំរឿងឈើគ្រញូង ជាង២០ម៉ែត្រ របស់ឈ្មោះហុង តុលាការកំពុងចាត់ការទៅតា មផ្លូវច្បាប់ ហើយជនជាប់ចោទ បើសិនជាតុលាការរកឃើញថាជារបស់ឈ្មោះហុង ពិតប្រាកដមែននោះ៕