ភ្នំពេញ៖ ពីរនាក់ប្តីប្រពន្ធនាំគ្នាដើរទៅមើលទូរទស្សន៍ ឆួលដែកកេះបំភ្លឺផ្លូវ ឆាបនឹងសាំងកំពប់ បណ្តាលឲ្យឆេះស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ៩ខែ ធ្វើឲ្យកូននៅក្នុងផ្ទៃស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមកនេះ នៅភូមិអមលាំង ឃុំជ្រាវ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ស្រ្តីរងគ្រោះមានឈ្មោះ ពេជ្រ សុខ អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិអមលាំង ឃុំជ្រាវ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានប្តីឈ្មោះ ម៉ុន ភារម្យ អាយុ២៧ឆ្នាំ មុខរបរកសិករ មានកូនប្រុសម្នាក់ អាយុ៣ឆ្នាំ និងកូនក្នុងផ្ទៃ៩ខែ ជិតគ្រប់ខែហើយ ។
បើតាមបងស្រីឈ្មោះ ពេជ្រ សិទិ្ធ អាយុ៣០ឆ្នាំ មុខបរកសិករ បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ រកស៊ីមិនស្មើដៃគ្នាទេ ប្រពន្ធខំប្រឹងធ្វើការមិនខ្លាចនឿយហត់ ចំណែកបុរសជាប្តី ធ្វើការចុងដៃចុងជើង ហើយតែងតែដើរខ្ចីលុយគេ ហើយគេមករកតាមទារប្រពន្ធដល់ផ្ទះ ប្រពន្ធចេញសងជំនួសជាហូរហែរ ។ នៅថ្ងៃកើតហេតុ ប្រពន្ធគ្រប់ខែហើយ រង់ចាំតែថ្ងៃសម្រាល អត់មានលុយកាក់ផង ស្រាប់តែមានគេមកទារលុយដល់ផ្ទះ ប្រពន្ធបានសួរនាំប្តីឈ្លោះប្រកែកគ្នាមួយប្រាវ ស្រាប់តែបុរសជាប្តី បានស្ទុះទៅយកប៊ីដុងចំណុះ ៣០លីត្រ ដែលទុកនៅកៀនជញ្ជាំង សម្រាប់យកទៅចាក់ម៉ាស៊ីនអារឈើ តែនៅក្នុងប៊ីដុងនោះ នៅសល់សាំងប្រមាណជា ១៥លីត្រ យកទៅជះសាចពេញក្នុងផ្ទះ ស្រោចប្រពន្ធ និងស្រោចខ្លួនឯងបម្រុងដុតសម្លាប់ទាំងអស់គ្នា ក៏ត្រូវប្រពន្ធឆក់បានប៊ីដុងសាំង នៅសល់បន្តិចរត់ចេញក្រៅផ្ទះ រត់មិនបានឆ្ងាយប៉ុន្មានទេ ដោយសារតែមានផ្ទៃពោះគ្រប់ខែផងនោះ ប្តីរត់ដេញតាមទាន់បានកេសដែកកេស ឆួលពីក្រោយបណ្តាលឲ្យឆាបឆេះខ្លួនប្រពន្ធសន្ធោសន្ធៅ រលាកពេញខ្លួនប្រាណ ។
បន្ទាប់ពីពន្លត់រលត់អស់ភ្លាមៗ បងប្អូនបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តែស្ថានភាពធ្ងន់ធ្ងរពេក គ្រូពេទ្យគ្រាន់តែបាញ់ស្រាយ៍ជាតិត្រជាក់រួច បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ។
បើតាមសម្តីបុរសជាប្តីឈ្មោះ ម៉ុន ភារម្យ ដែលទើបនឹងមកដល់មន្ទីរពេទ្យ បានឲ្យដឹងថា គាត់មិនបានដុតប្រពន្ធរបស់គាត់ទេ មុនពេលកើតហេតុ គាត់បានទិញសាំងចំណុះ ១០លីត្រ យកមកទុកក្នុងផ្ទះ ដើម្បីចាក់ម៉ាស៊ីនអារឈើ តែប្រពន្ធខ្លាចទុកក្នុងផ្ទះមានបញ្ហា បានយកប៊ីដុងសាំងនោះទៅទុកនៅមុខផ្ទះវិញ ។ លុះយប់ឡើង ដោយសារតែផ្ទះរបស់គាត់អត់មានទូរទស្សន៍មើល បាននាំគ្នាដើរទៅមើលទូរទស្សន៍នៅផ្ទះម្តាយក្មេក នៅជិតនោះ ពេលដើរបណ្តើរគ្នាទៅ ប្រពន្ធដើរនៅខាងមុខគាត់ដើរពីខាងក្រោយ ឆួលដែកកេសសម្រាប់បំភ្លឺផ្លូវ ដោយមិនបានដឹងថា ប៊ីដុងសាំងនៅមុខផ្ទះនោះកំពប់ទេ ចេះតែឆួលបណ្តើរ ដើរបណ្តើរ ទៅជិតដល់សាំងដែលកំពប់នោះ ស្រាប់ឆាបឆេះសន្ធោសន្ធៅទៅលើប្រពន្ធរបស់គាត់ ដែលដើរនៅជិតនោះរត់ចេញមិនទាន់ ចំណែកគាត់ជាប្តីបានរត់ចេញទាន់ ប៉ុន្តែពេលឃើញប្រពន្ធឆេះពេញខ្លួន បានរត់ទៅចាប់អោបប្រពន្ធទាំងភ្លើងកំពុងឆាបឆេះ ទាញចេញមកក្រៅ ហើយចាប់ដោះអាវស្រាតសំពត់ចោល ទើបរលត់អស់ ធ្វើឲ្យរលាករលួយពេញខ្លួនប្រាណ ចំណែកបុរសជាប្តី រលាកតិចតួចដែរ ។
ក្រោយពេលកើតហេតុ បុរសជាប្តីមិនបានជូនប្រពន្ធទៅព្យាបាលនៅមន្ទីរពេទ្យទេ ដោយរវល់ដើររកខ្ចីលុយបងប្អូនយកមកព្យាបាលប្រពន្ធ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញា ។ ពេលមកដល់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីកុំឲ្យរបកស្បែក គ្រូពេទ្យបានប្រាប់ឲ្យទិញស្លឹកចេក យកទៅក្រាលដេក កុំឲ្យបកស្បែកជាប់នឹងក្រណាត់ឬកម្រាល ។ មិនតែប៉ុណ្ណោះ ស្រ្តីរងគ្រោះបានត្អូញត្អែរថា តាំងពីរូបគាត់រងរបួសមក កូនក្នុងផ្ទៃរបស់គាត់មិនដែលកំរើកសោះ ទើបគ្រូពេទ្យយកទៅថតអេកូប្រាប់ថា កូនក្នុងផ្ទៃនោះ ស្លាប់បាត់ទៅហើយ ។ បច្ចុប្បន្នគ្រូពេទ្យកំពុងតាមដានសុខភាពរបស់ម្តាយ ដើម្បីធ្វើការវះកាត់យកកូនចេញនៅវេលាល្ងាចថ្ងៃទី១៧ ខែកញ្ញា នេះ ឬព្រឹកថ្ងៃទី១៨ ខែកញ្ញា ។
គួរកត់សម្គាល់ផងដែរថា ក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះ មានជីវភាពក្រីក្រ បើសិនជាបងប្អូនមានចិត្តធម៌មេត្តាសូមជួយឧបត្ថម្ភដល់គាត់ផង ដែលសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យព្រះកុសុមៈ ទាំងខ្លួនប្រាណរលេះរលួយរង់ចាំគ្រូពេទ្យធ្វើការវះកាត់យកកូនដែល ស្លាប់នៅក្នុងផ្ទៃ ខណៈពេលដែលម្តាយត្រូវប្រេងសាំងឆាបឆេះពេញខ្លួនប្រាណ ៕
ប្រភពពី អង្គរធំមេឌា