តាកែវ៖ យុវជនម្នាក់បានស្លាប់ និងអ្នកដំណើរ ១៤នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងឧប្បត្តិហេតុក្រឡាប់ រថយន្តឈ្នួលមួយគ្រឿង កណ្តាលផ្លូវ ស្ថិតនៅក្នុងភូមិព្រៃគ្រញូង ឃុំញែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃព្រហសប្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៣នេះ។
យោងតាមមន្រ្តី សមត្ថកិច្ចស្រុកត្រាំកក់ បានប្រាប់ឲ្យដឹងថា រថយន្តក្រឡាប់នេះ ជារថយន្តឈ្នួល ដឹកអ្នកដំណើរ ម៉ាកតូរីសពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ២A-០០៧២ ព្រះស៊ីហនុ បានដឹកអ្នកដំណើរជាង១០នាក់ ពីស្រុកដងទង់ ខេត្តកំពត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយនៅលើដំបូលរថយន្ត ក៏មានផ្ទុកពងទាជាច្រើនផងដែរ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុរថយន្តតូរីសខាងលើ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពោលគឺ ដឹកអ្នកដំណើរ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបែកកង់ គ្រាដែលអ្នកបើក បរភ័យស្លន់ស្លោផងនោះ ក៏ជាន់ហ្វាំង ទាំងគំហុកបណ្តាលឲ្យ ក្រឡាប់ចំពាក់កណ្ដាលផ្លូវ បណ្ដាលឲ្យអ្នកជិះក្នុងរថ យន្តចំនួន១៥នាក់ បានរងរបួស ក្នុងនោះពីរនាក់ រងរបួសធ្ងន់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ យកអ្នករងរបួសទៅ ព្យាបាលនៅមណ្ឌលសុខភាព ឃុំញែងញ៉ង ដែលនៅក្បែនោះ។ រីឯអ្នករងរបួសធ្ងន់ ត្រូវបានដឹកបន្តមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏ ប៉ុន្តែដោយសារ រងរបួស ធ្ងន់ពេក ជនរងគ្រោះម្នាក់ឈ្មោះ សៀង ជាប អាយុ ១៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រិច ឃុំ គោកនិមល ស្រុកឈូក បានស្លាប់ ពេលដឹកដល់ មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ដោយឡែកអ្នកបើកបរបានដាក់ មេផាយបាត់ស្រមោល៕
ប្រភពពី ដើមអម្ពិល