មណ្ឌលគិរី ៖ ប្រជាពលរដ្ឋនៅឃុំចំនួនពីរ នៅក្នុងទីរួមខេត្តមណ្ឌលគិរីទាំងមូល ក្រោយពីមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ កាសែត គេហទំព័រ អំពីបញ្ហាផ្លូវលំមួយខ្សែ ប្រវែងប្រមាណជាង៤០គីឡូម៉ែត្រ ចាប់ពីក្រុងសែនមនោរម្យ ឆ្ពោះទៅដល់ឃុំពីរ គឺឃុំមេម៉ង និងឃុំចុងផ្លាស់ នៅក្នុងស្រុកកែវសីមាថា បាននិងកំពុងតែរងនូវការខូចខាតធ្ងន់ទៅៗ ខណៈដែលមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរីបានឈូសឆាយ និងត្រាសសេរួចរាល់ហើយ បានផ្អាកដំណើរការទៅវិញនោះ ។ រហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋ រស់នៅឃុំ ទាំងពីរខាងលើ បាន និងកំពុងទន្ទឹងរង់ចាំមើល ចំណាត់ការនានា រវាងអាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជន បទ ខេត្តអាចសម្រួល និងជួយធ្វើផ្លូវជូនពួកគាត់ ក្នុងការធ្វើចរាចរណ៍ដែរឬទេ ? ។
មន្ត្រីរាជការមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី បានចោទប្រកាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាន និងកំពុងបណ្តែតបណ្តោយ ឲ្យក្រុមហ៊ុនឯកជនមួយ នៅក្នុងខេត្តមណ្ឌលគិរី ហាក់បីដូចជា ធ្វើថ្លូវគ្មានគ្រឿង ចាក់គ្រប់គ្រាន់ និងស្ថាបនាខ្វះបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក្នុងការសាងសង់ ។
ប្រភពព័ត៌មានខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងការស្ថាបនាផ្លូវលំមួយខ្សែនេះ ថវិការបស់ជាតិបាន ចំណាយអស់មិនតិចជាង បីរយលានរៀលនោះទេ ក្នុងមួយឆ្នាំៗ ហើយពួកគាត់នៅតែចោទប្រកាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថាបនា និងកសាងផ្លូវលំមួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី រួមមានផ្លូវ ពូជ្រៃ កោះញែក ។ល។ ហាក់បីដូចមានភាពអាថ៌កំបាំង និងគ្មានបទដ្ឋានបច្ចេកទេស គ្រប់គ្រាន់ក្នុងការ ស្ថាបនាសាងសង់ផ្លូវ ។ បន្ទាប់ពីប្រជាពលរដ្ឋបានជ្រាបព័ត៌មាន និងបានស្ដាប់ការខ្សិបដាក់ត្រជៀកគ្នាថា ជាតិបានចំណាយថវិការាប់ពាន់លានរៀល ដើម្បីស្ថាបនា និងសាងសង់ផ្លូវលំទាំងអស់ខាងលើនោះ ពួក គាត់បានសម្តែងនូវខកចិត្តយ៉ាងខ្លាំង ចំពោះលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសាងសងផ្លូវ គ្មានគុណភាពបែបនេះ ។ ប្រជាពលរដ្ឋ និង មជ្ឈដ្ឋាននានាបានទន្ទឹង និងរង់ចាំមើលថា តើមានដែរឬទេ ការចុះត្រួតពិនិត្យ ពីអាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះការ ស្ថាបនា និងសាងសង់ផ្លូវលំនានាក្នុងខេត្តនេះ ។
លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អ្នកយកព័ត៌មានដើមអម្ពិលមិនអាចទាក់ទងបានទេ នា ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៣ នេះ ។ នាពេលកន្លងមកថ្មីៗនេះ សាលាខេត្តមណ្ឌលគិរី បានបើកិច្ច ប្រជុំស្តីអំពីបញ្ហានេះដែរ នេះបើតាមការឲ្យដឹង ពីមន្ត្រីសាលាខេត្តមណ្ឌលគិរី តែសុំមិនបញ្ចេញឈ្មោះ ។ មជ្ឈដ្ឋាននានា ជាពិសេសប្រជាពលរដ្ឋមួយចំនួនទៀត បានលើកឡើងថា ប្រហែលជាមានការត្រូវរ៉ូវគ្នាជា លក្ខណៈប្រព័ន្ធហើយ បានជាស្ងាត់ៗបែបនេះ ៕
ប្រភពមកពី dap-news.com