Thursday, August 22, 2013

ជួល​សន្តិសុខ​ឲ្យ​យាម​ការ៉ាស់​ សាំង​បែរជា​ចាប់​ភ្ញៀវ​ប៉ង​ រំលោភ​ក្នុង​បន្ទប់ទឹក

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ ខណ្ឌ​សែន​សុខ​ បាន​ចាប់ខ្លួន​បុគ្គលិក​សន្តិសុខ ក្រុមហ៊ុន​ឯកជន​ម្នាក់​ បញ្ជូន​ទៅ​តុលាការ​ ដោយ​ចោទប្រកាន់​ពី​ បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស​(​ប៉ុនប៉ង​ រំលោភ​សេពសន្ថវៈ) ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​នា​ថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៣ នៅក្នុង​ស្ថានីយ​ប្រេង​កាល​តិច​ ដែល​មាន​ទីតាំង​ជាប់​ ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ប៉ូលិស​និយាយ​ថា ជន​ដៃដល់​ដែល​រង​ការចោទ ប្រកាន់​ខាងលើ​ឈ្មោះ ស៊ឹម ស៊ីថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ ASP ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កាកាម ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ប្រពភ​ព័ត៌មាន​ពី​ក្រុម​សមត្ថកិច្ច​ មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅមុខ​ពេល​កើតហេតុ​ ស្ត្រី​រងគ្រោះ​ឈ្មោះ ហ​.​ស​.​ណ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជិះ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ជាមួយ​ប្ដី​មកពី​ផ្ទះ​មិត្ត​ភ័ក្តិ ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ ដំណើរ​តាមផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ លុះ​មកដល់​ស្ថានីយ​(​កា​រ៉ា​ស់​សាំង​) កាល់​តិច​ក៏បាន​ឈប់​រថយន្ត​ចូល​ចាក់​ប្រេងសាំង​បន្ថែម​ក្នុង​រថយន្ត​ ហើយ​ពេលនោះ​នាង​ឈឺ​(​រាន់​) បត់ជើងធំ​ផង​ក៏​ឲ្យ​ប្ដី​ចាំ​ក្នុង​រថយន្ត​ឯ​នាង​ក៏​ដើរចូល​ក្នុង​បន្ទប់ទឹក ខណៈ​ពេល​នាង​ចូល​ផុត​ បុគ្គលិក​សន្តិសុខ(​ជនជាប់ចោទ​) ក៏បាន​ដើរទៅ​តាម​ពីក្រោយ​គោះទ្វារ​បន្ទប់ ពេលនោះ​នាង​បាន​ស្រែក​ថា​មាន​មនុស្ស​នៅ​ខាងក្នុង​ ហើយ​តែ​ជនល្មើស​រូប​នោះ​ នៅតែ​ច្រាន​គាស់​ទ្វារ​ បន្ទប់ទឹក​នោះ​ចូល​ទៅ​ចាប់​ ច្របាច់ក​បឺត​មាត់​នាង ប៉ុនប៉ង​រំលោភ ប៉ុន្តែ​នាង​ស្រែក ប្រតាយប្រតប់​ពេលនោះ​ បុគ្គលិក​នៅ​ក្បែរ​នោះ​ឃើញ​ ក៏​ទៅ​ជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន ជនជាប់ចោទ​ប្រគល់​ ឲ្យ​ប៉ូលិស​មូលដ្ឋាន​ ចាត់ការ​តាមច្បាប់។ ចំណែកឯ​បុរស​ជាប់ចោទ​ វិញ​ដំបូង​បាន​បដិសេធ​ថា ខ្លួន​ពុំ​ដឹង​ថា មាន​មនុស្ស​នៅ​ខាងក្នុង ចូល​ទៅ​ដោយ​ចៃដន្យ​ ប៉ុន្តែ​នៅពេល​នារី​រងគ្រោះ​ចង្អុលមុខ ប្រាប់​អំពី​ដំណើររឿង​ពិត​ប្រាប់ ប៉ូលិស ទើប​សារភាព​ពី​កំហុស​របស់​ខ្លួន។ ប៉ូលិស​កំពុង​ ឃុំខ្លួន​ជនជាប់ចោទ​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ  កសាង​សំណុំរឿង​ បញ្ជូន​ទៅកាន់​តុលាការ​ ផ្ដន្ទាទោស​តាម​បណ្ដឹង​ចោទប្រកាន់​ របស់​នាង​រ​ង​គ្រោះ៕

ប្រភពពី kpt

Join Us On Facebook

Please Wait 30 Seconds...!!!Skip