Friday, August 9, 2013

កម្លាំងអ.ហ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទ លួចម៉ូតូដោយហិង្សា

មណ្ឌលគិរី ៖ ជនសង្ស័យ ២នាក់ ជាប់ពាក់ព័ន្ធពីបទ លួចម៉ូតូដោយហិង្សា ត្រូវបានកម្លាំងអ.ហ ខេត្ត មណ្ឌលគិរី សហការជាមួយ កម្លាំងអ.ហ ស្រុកស្នួល ខេត្តក្រចេះ ធ្វើការឃាត់ខ្លួនបានហើយ បន្ទាប់ពីមាន ការស្រាវជ្រាវ ពីសមត្ថកិច្ច ដែលការឃាត់ខ្លួន ជនសង្ស័យ ខាងលើនេះ ត្រង់ចំណុច ស្រុក ស្នួល នៅវេលា ម៉ោង ១០និង២០នាទី នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ ។ 
ប្រភពព័ត៌មាន ពីជនរងគ្រោះឈ្មោះ ហូចាន់ ហ៊ា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប  រស់នៅភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ បានឌុបជនសង្ស័យ២នាក់ ចេញពីខេត្តមណ្ឌលគិរី គោលដៅទៅស្រុកកែវសីមា មកដល់ចំណុចគីឡូម៉ែត្រ លេខ៥៧ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្រាប់តែជនសង្ស័យទាំងពីរនាក់ ម្នាក់ចាប់ និងម្នាក់ទៀតយកតួរណឺវិស មកចាក់ខ្លួនគាត់ចំនួន៥ ទៅ ៦តួរណឺវិស  រំពេចនោះក៏មានអ្នកដំណើរផ្សេងទៀត ជិះម៉ូតូ មកដល់កន្លែងកើតហេតុ និងទាន់សកម្មភាព ដែលជនសង្ស័យទាំងពីរធ្វើមកលើរូបគាត់ ។ ពេលនោះជន សង្ស័យបានរត់គេចខ្លួន ចូលព្រៃបាត់ បន្សល់នូវស្នាមរបួសជាច្រើនកន្លែងលើខ្លួនរបស់គាត់ ហើយគាត់បាន ប្រញ៉ាប់ទាញម៉ូតូជិះមកខេត្តវិញ និងចូលព្យាបាលនៅមន្ទីរពេទ្យខេត្ត ។
លោក សាក់ សារ៉ាង មេបញ្ជាការ អ.ហ ខេត្ត បានប្រាប់អ្នកយកព័ត៌មានដើមអម្ពិលថា បន្ទាប់ពីទទួល សេចក្តីរាយការណ៍ថា មានករណីដូចខាងលើនេះ លោកបានដាក់កម្លាំងអ.ហខេត្ត និង សហការជាមួយ កម្លាំងអ.ហ ស្រុកស្នួល ខេត្តក្រចេះ ធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់បាន នៅម៉ោងប្រហែល ៩និ២០នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ   ។ ជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ ឃិន ចិត្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ត្រពាំងចារ ឃុំសេនាឧត្តម ស្រុក ព្រះស្តេច ខេត្តព្រៃវែង  ទី២ ឈ្មោះ ហ៊ន វិន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចារ ឃុំ សេនាឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាពលួចម៉ូតូដោយហិង្សាពិតមែន។ បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានបញ្ជួនមក កាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត ៕
ប្រភពពី ដើមអម្ពិល

Join Us On Facebook

Please Wait 30 Seconds...!!!Skip