ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីស្ដីការក្រសួង លោក ស ខេង បានឲ្យ ដឹងថា បន្ទាប់ពីមានការសម្របសម្រួលមួយ ត្រូវបានរៀបចំឡើងជាថ្មីនោះ គណបក្សធំៗទាំងពីរ បានស្រុះស្រួលគ្នា បញ្ចូនមន្ត្រី របស់ខ្លួនឲ្យមកជជែកគ្នាជាថ្មី ដើម្បីស្វែងរកយន្តការសមស្របមួយក្នុងដំណើរការបង្កើតគណៈកម្មការ ចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី ស្របពេលដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញលិខិតអំពាវនាវឲ្យពួកគេវិលមកពិភាក្សាគ្នាជាខ្លួនឡើងវិញ ។
លោក ស ខេង បន្ថែមថា៖« គ្រប់បញ្ហាអាចនឹងធូរស្រាលវិញហើយ ។ ជាការអនុវត្តតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រនៃយើងនោះ នៅព្រឹកនេះ បក្សទាំងពីរបានស្រុះស្រួលជួបពិភាក្សាគ្នាឡើងវិញហើយ ។ ហើយ គ.ជ.ប ក៏បានស្វាគមន៍នឹងជំនួបនេះដែរ ហើយក៏បានអំពាវនាវឲ្យបក្សទាំងពីរនេះ វិលមកជជែកពិភាក្សាគ្នាជាមួយខ្លួនដើម្បីបង្កើតគណៈកម្មការចម្រុះ ឡើងវិញដែរ» ។
ពាក់ព័ន្ធនឹងការដាក់ពង្រាយកងកម្លាំងនោះដែរ ត្រូវបានលោក ស ខេង អះអាងថា មិនមែន ជាការធ្វើឡើងដើម្បីគំរាមគណបក្សប្រឆាំងឲ្យមកវិលចូលតុចរចា ឡើងវិញ នោះទេ ហើយអ្វីដែលរដ្ឋាភិបាល បានធ្វើនេះគឺក្នុងនាមរដ្ឋាភិបាលចាំផ្ទះដែល ត្រូវតែធានារក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមតែប៉ុណ្ណោះ ហើយថា សម្រាប់រដ្ឋាភិបាល ពិតជាមិនអាចរំពឹងបានថា គណបក្សប្រឆាំងអាចគ្រប់គ្រងបាតុករ របស់ខ្លួនបានល្អនោះឡើយ ។
គួរបញ្ជាក់ ផងដែរថា មុននឹងជួបជាមួយក្រុមអ្នកកាសែតនោះ នាព្រឹកមិញនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង បានអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិលជាតិចំនួន១០ អង្គភាព ជួបពិភាក្សាគ្នា ផងដែរ ដើម្បីស្វែងរកយន្តការល្អៗ ក្នុងការចូលរួមដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជា ។
ចំពោះការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិល លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបង្ហាញជំហរថា ការដែលគណបក្សប្រឆាំងទាមទារឲ្យអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាល នោះ វាមិនអាច ទៅរួច នោះទេ ហើយអង្គការសហប្រជាជាតិក៏មិនអាចចូលរួមតាមការទាមទារ នោះបានដែរ ហើយថា ប្រសិនបើចង់ចូលរួមអង្កេតការណ៍វិញនោះ ប្រហែលជា គ.ជ.ប អាចឯកភាពបាន ។
លោក ស ខេង បញ្ជាក់ថា៖« គ្រប់ភាពមិនក្រតីទាំងអស់ជុំវិញការបោះឆ្នោត យើងនឹងយកមបង្ហាញ ហើយដាក់លើតុ ដើម្បីដោះស្រាយឲ្យបានដឹងការពិតទាំងអស់គ្នា» ៕
ប្រភពពី khmeronlinenews