ប្រភពពី CEN
Sunday, September 15, 2013
ប៉ះទង្គិចនៅក្បាលថ្នល់ ស្លាប់យុវជនម្នាក់ របួស ៣ នាក់ និងចាប់ខ្លួនជាង ១០ នាក់
by Unknown
ភ្នំពេញ: សកម្មជនសិទ្ធិមនុស្ស បានអះអាងថា ការប៉ះទង្គិចរវាងក្រុមយុវជនមួយក្រុម ជាមួយប៉ូលិស នៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃអាទិត្យ ទី១៥កញ្ញា ឆ្នាំ២០១៣យ៉ាងហោចណាស់ មានយុវជនម្នាក់ បានស្លាប់ ដោយគ្រាប់កាំភ្លើងរបស់ប៉ូលិស និងបីនាក់ទៀត រងរបួស។ ចំណែកមនុស្សជាង ១០ នាក់ ត្រូវបានចាប់ខ្លួន។ លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស អាដហុក បានឲ្យដឹងថា ប៉ូលិសបានប្រើគ្រាប់កាំភ្លើងពិត គ្រាប់បែកផ្សែង និងឡានទឹក បាញ់លើក្រុមយុវជនជាង ៣០ នាក់ ដែលបានប្រឈមមុខតទល់ជាមួយប៉ូលិស ដែលមានប្រមាណ ៣ ពាន់នាក់។ លោក ចាន់ សាវ៉េត បន្តថា យុវជនមួយក្រុមនោះ មិនស្ថិតនៅក្នុងចំណោមក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិទេ។ សកម្មជនសិទ្ធិមនុស្ស លោក ចាន់ សាវ៉េត បានបញ្ជាក់ថា ក្រុមយុវជនខឹង ហើយតវ៉ាចំពោះការបិទផ្លូវ ដែលធ្វើឡើងដោយអាជ្ញាធរ ចាប់តាំងពីម៉ោង បីទៀបភ្លឺ នៅលើស្ពានអាកាសក្បាលថ្នល់ នៅថ្ងៃអាទិត្យ។ ការបិទផ្លូវ ដោយរបងលួសបន្លា ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង នៅម្តុំស្ពានមុនីវង្ស ក្បាលថ្នល់។ ជុំវិញស្ថានការណ៍ប៉ះទង្គិចនៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់មិញ ក្រុមអង្គការសង្គមស៊ីវិល ដែលមានឈ្មោះថា បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោត ឆ្នាំ២០១៣ បានចេញសេចក្តីថ្លែងការណ៍ទាំងកណ្តាលយប់ ថ្កោលទោសចំពោះការបាញ់ប្រហារប្រជាពលរដ្ឋ ដែលបណ្តាលឲ្យស្លាប់ និងរងរបួសមួយចំនួន។ សង្គមស៊ីវិល ស្នើឲ្យរាជរដ្ឋាភិបាល ចាត់វិធានការបញ្ឈប់ការបាញ់ប្រហារពីសំណាក់ក្រុមកម្លាំងប្រដាប់អាវុធ លើប្រជាពលរដ្ឋស្លូតត្រង់ជាបន្ទាន់។ រាជរដ្ឋាភិបាល ត្រូវចាត់វិធានការច្បាប់ចំពោះអ្នកបញ្ជា និងជនដៃដល់ ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារប្រជាពលរដ្ឋ ហើយសមត្ថកិច្ច ក៏ត្រូវដោះលែងប្រជាពលរដ្ឋ ដែលត្រូវបានចាប់ខ្លួន ទាក់ទិននឹងព្រឹត្តិការណ៍ កើតឡើងនៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់មិញ យប់ថ្ងៃអាទិត្យ ទី១៥កញ្ញា។ បន្ទាប់ពីអំពើហិង្សារវាងកងកម្លាំងប្រដាប់អាវុធ និងអ្នកតវ៉ា នៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់មិញរួចមក អង្គការសង្គមស៊ីវិល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ដែលនឹងបន្តធ្វើនៅថ្ងៃទី១៦ និងថ្ងៃទី១៧កញ្ញា។ សង្គមស៊ីវិល ស្នើសុំឲ្យសហគមន៍អន្តរជាតិ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមឃ្លាំមើលព្រឹត្តិការណ៍ខាងលើនេះ និងអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ដើម្បីបញ្ឈប់ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចករណីហិង្សា កាលពីយប់មិញ។ មិនទាន់មានប្រតិកម្មបែបណា ចេញពីខាងអាជ្ញាធរ សមត្ថកិច្ច ជុំវិញការប៉ះទង្គិចគ្នានោះ នៅឡើយទេ៕